អ្នកនាងឃ្មឹប ត្រៀមថតភាពយន្ដជាមួយនាយពែក មី

loading...

អតីតប្រពន្ធតារាកំប្លែងនាយហុងដា គឺអ្នកនាងរ៉េន សុធារី ហៅឃ្មឹប បានប្រកាសនៅថ្ងៃទី១០ ខែមិថុនា ថា ពេលនេះរូបនាងកំពុងតែត្រៀមថតរឿងថ្មីមួយ ជាមួយតារាកំប្លែងល្បីឈ្មោះលោកចែម ចាន់តារា ហៅនាយពែកមី។ ការថ្លែងបែបនេះរបស់នាងឃ្មឹប ក្រោយពេលដែលអ្នកនាងបានបង្ហាញពីជីវភាពនៅតែទុក្ខសោកលំបាកខ្វះមុខខ្វះក្រោយនៅឡើយបន្ទាប់ពីវិលត្រឡប់មករកអាជីពកំប្លែងសារជាថ្មី ក្នុងក្រុមនាយកុយ នេះហើយ សូម្បីតែរកលុយធ្វើសាហ៊ុយទៅទៅបុណ្យម្ដាយមីងនៅឯស្រុកកំណើតក៏គ្មានដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា អ្នកនាងឃ្មឹប បានតាំងចិត្តថា ទោះជានាយពែកមី ឲ្យលេងជាតួសម្ដែងអ្វី ក៍នាងព្រមថតដែរ ដើម្បីបានថវិកាខ្លះសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

loading...
លោកហេង ឡុង និងនាងឃ្មឹប
អ្នកនាងសុធារី ថ្លែងថា ”ខ្ញុំអត់ទាន់ដឹងថា រឿងដែលត្រៀមថតនោះជារឿងអីទេ តែខ្ញុំដឹងតាមបងហេង ឡុង (សង្សារថ្មីចន ច័ន្ទលក្ខិណា) ថា គាត់ជួយឲ្យខ្ញុំបានថតជាមួយបងពែកមី។ ខ្ញុំនៅតែមានការលំបាកខ្វះខាតជីវភាពនៅឡើយ អីចឹងទោះជាផលិតកម្មណាហៅឲ្យថតរឿងអី ក៏ខ្ញុំព្រមថតដែរ ទទួលគ្រប់ផលិតកម្មតែម្ដង”។
អ្នកនាងឃ្មឹប បានហក់ចូលអាជីពកំប្លែងសារជាថ្មី ជាមួយក្រុមនាយកុយ ក្រោយពេលដែលកូនប្រុសនាង បានក្លាយជាឃាតករសម្លាប់ម្ដាយចុងជាប្រពន្ធនាយហុងដា កាលពីខែមុន ដោយប្រឈមជាប់ពន្ធនាគា អស់១ជីវិត។ អ្នកនាងឃ្មឹប ដែលកំពុងរស់នៅផ្ទះជួលជាមួយប្អូនស្រីនៅភ្នំពេញ និយាយថា ការដែលនាងចាប់ផ្ដើមមកលេងកំប្លែងវិញនេះ គឺដើម្បីរកលុយទិញបាយឲ្យកូនប្រុសដែលជាប់គុកនោះ ហើយពេលនេះអ្នកនាងនៅតែមិនមានលុយគ្រប់គ្រាន់តាមតម្រូវការឡើយ បើទោះជាមុននេះមានសប្បុរសជនមួយចំនួនបានផ្ដល់ប្រាក់កាសសម្រាប់សម្រាលការលំបាកដល់នាងខ្លះៗក្ដី។

 

នាងឃ្មឹប បន្ដថា ”ខ្ញុំនៅតែគ្មានប្រាក់អីចឹងបង ព្រោះការដែលខ្ញុំចូលក្រុមកំប្លែងនាយកុយ គឺបានសម្ដែងតែថ្ងៃសៅរ៍ អាទិត្យ ទេ ក្រៅពីនេះ យើងនៅទំនេរ អត់ការងារធ្វើដែរ។ ខ្ញុំចង់មានការងារសិល្បៈច្រើនធ្វើ ហើយសង្ឃឹមថា ការថតរឿងជាមួយបងពែកមី នេះនឹងធ្វើឲ្យមានគេហៅខ្ញុំថតរឿងផ្សេងៗថែមទៀត”។

គេជឿថា ភាពយន្ដដែលនាងឃ្មឹប សម្ដែងជាមួយនាយពែក មី នោះនឹងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងគាំទ្រជាមិនខាន ព្រោះតែកន្លងមក នាយពែកមី ដែលចាប់ដៃគូតែជាមួយនាងខ្ញុង នោះមានអ្នកខ្លះសាំថាលេងរឿងដដែលពេក។ នាយពែក មី នឹងកាន់តែល្បីថែមទៀតជាមិខាន នៅពេលដែលព្រមទទួលនាងឃ្មឹប ចូលថតកុននេះ ហើយមនុស្សមិនតិចទេដែលសរសើរនាយពែកមី ដូចនាយកុយដែរ ថាជាអ្នកសិល្បករដែលចេះជួយគ្នាគ្រាមានអាសន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *

*